ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញាជំនាន់ទី១៣ ចំនួន៥៥រូប ចុះទស្សនកិច្ចសិក្សា នៅសាលាឧទ្ធរណ៍ភ្នំពេញ
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញាជំនាន់ទី១៣ ចំនួន៥៥រូប ចុះទស្សនកិច្ចសិក្សា នៅសាលាឧទ្ធរណ៍ភ្នំពេញ ដែលដឹកនាំដោយ ឯកឧត្តម ហេង សុខណា នាយកសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ និងលោក លោកស្រី ជាប្រតិភូនៃសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា។
ក្នុងឱកាសនេះដែរ, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានមានប្រសាសន៍ អបអរសាទរដល់សិស្សចៅក្រម-ព្រះរាជអាជ្ញា ជំនាន់ទី១៣ ទាំងអស់ ដែលបានទទួលជោគជ័យក្នុងការប្រឡងប្រជែង។ ទន្ទឹមនេះ ឯកឧត្តមប្រធាន បានបង្ហាញពីប្រវត្តិសាលាឧទ្ធរណ៍ភ្នំពេញ និងផ្ដល់មតិណែនាំ និងផ្ដាំផ្ញើដល់សិស្សចៅក្រម-ព្រះរាជអាជ្ញាទាំងអស់ ត្រូវខិតខំកសាងសមត្ថភាព ដើម្បីយកចំណេះជំនាញ ទៅបំពេញភារកិច្ចការងារឱ្យបានត្រឹមត្រូវតាមច្បាប់ ដើម្បីធានាដល់ដំណើរការដ៏ល្អនៃប្រព័ន្ធយុត្តិធម៌ និងការលើកកម្ពស់វិស័យយុត្តិធម៌ឱ្យមានប្រសិទ្ធភាព តម្លាភាព ឆាប់រហ័ស និងយុត្តិធម៌ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈ។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធាន បានជូនវត្ថុអនុស្សាវរីយ៍ "សៀវភៅព្រឹត្តិបត្រសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ" ចំនួន៤ក្បាល និងឧបត្ថម្ភថវិកាដល់សិស្សចៅក្រម-ព្រះរាជអាជ្ញា ជំនាន់ទី១៣ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល។
ក្រោយពីបញ្ជប់កិច្ចសំណេះសំណាល លោកស្រី ស្រេង សូយ៉េត អគ្គលេខាធិការរង និងលោកស្រី ណុប សុធារ៉ានី អគ្គលេខាធិការរង បានសម្របសម្រួល និងដឹកនាំសិស្សចៅក្រម-ព្រះរាជអាជ្ញា ជំនាន់ទី១៣ ចុះទស្សនកិច្ចនៅ នាយកដ្ឋានកិច្ចការរដ្ឋបាល និងបុគ្គលិក និងនាយកដ្ឋានកិច្ចការតុលាការ ដើម្បីសិក្សាស្វែងយល់អំពីលំហូរ និងបែបបទរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ។








